46 មានការប្រកែកគ្នាកើតឡើងក្នុងចំណោមពួកសិស្ស គឺថាតើអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
47 កាលព្រះយេស៊ូជ្រាបគំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ
48 រួចព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «អ្នកណាដែលទទួលក្មេងតូចនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះគឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នា គឺអ្នកនោះហើយជាអ្នកធំ»។
49 លោកយ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនបានដើរតាមជាមួយយើងទេ»។
50 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កុំឃាត់គាត់អី ដ្បិតអ្នកណាមិនប្រឆាំងអ្នករាល់គ្នា នោះនៅខាងអ្នករាល់គ្នាហើយ»។
51 កាលជិតដល់ថ្ងៃដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅក្រុងយេរូសាឡិម។
52 ព្រះអង្គបានចាត់អ្នកនាំសារឲ្យទៅមុនព្រះអង្គ ពួកគេក៏ចេញទៅ និងបានចូលក្នុងភូមិមួយរបស់ពួកសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ។