8 អ្នកខ្លះទៀតថា លោកអេលីយ៉ាបានលេចមក ប៉ុន្ដែពួកអ្នកឯទៀតថា មានអ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុនបានរស់ឡើងវិញ។
9 រីឯស្ដេចហេរ៉ូឌវិញបានមានបន្ទូលថា៖ «ខ្ញុំបានកាត់កលោកយ៉ូហានហើយ ចុះតើម្នាក់នេះជាអ្នកណា បានជាខ្ញុំឮហេតុការណ៍អំពីគាត់យ៉ាងដូច្នេះ?» ស្ដេចក៏ចង់ជួបព្រះអង្គ។
10 ពេលពួកសាវកបានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា។
11 ប៉ុន្ដែពេលបណ្ដាជនបានដឹង ក៏ទៅតាមព្រះអង្គ ហើយព្រះអង្គបានស្វាគមន៍ពួកគេ និងមានបន្ទូលទៅពួកគេអំពីនគរព្រះជាម្ចាស់ ព្រមទាំងបានប្រោសអស់អ្នកដែលត្រូវការប្រោសឲ្យជាឲ្យបានជាដែរ។
12 នៅពេលថ្ងៃចាប់ផ្ដើមជ្រេ សាវកទាំងដប់ពីរបានចូលមកជិតទូលព្រះអង្គថា៖ «សូមរំសាយបណ្ដាជនឲ្យទៅស្រុកភូមិ និងស្រែចម្ការនៅជុំវិញ ដើម្បីឲ្យពួកគេរកម្ហូបអាហារ និងកន្លែងស្នាក់នៅ ដ្បិតកន្លែងនេះនៅដាច់ពីគេ»។
13 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» ប៉ុន្ដែពួកគេបានទូលវិញថា៖ «យើងមានតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយប៉ុណ្ណោះ លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ»
14 ព្រោះមានមនុស្សប្រុសប្រហែលប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់ចុះ»។