ចៅហ្វាយ 19:10-16 KHSV

10 ប៉ុន្តែ​ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​ចង​កែប​រួច​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេ‌ប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម។

11 ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។

12 ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបៀរ​វិញ»។

13 គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។

14 ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។

15 គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​នោះ រក​កន្លែង​សម្រាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​ខ្លួន​ឡើយ។

16 ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។