1 លោកគេឌាន ហៅយេរូបាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកងពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។
2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ទ័ពរបស់អ្នកមានចំនួនច្រើនពេក យើងនឹងមិនឲ្យគេមានជ័យជំនះលើជនជាតិម៉ាឌានទេ ដ្បិតជនជាតិអ៊ីស្រាអែលមុខជាដណ្ដើមយកសិរីរុងរឿងពីយើង ដោយពោលថា គេទទួលបានជ័យជំនះដោយសារកម្លាំងរបស់ខ្លួន
3 ដូច្នេះ ចូរប្រកាសប្រាប់ពលទ័ពដូចតទៅ: អ្នកណាខ្លាច និងភ័យតក់ស្លុត អ្នកនោះត្រូវចុះពីភ្នំកាឡាដ វិលត្រឡប់ទៅវិញចុះ»។ ពេលនោះ ពលទ័ពពីរម៉ឺនពីរពាន់នាក់នាំគ្នាវិលត្រឡប់ទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។
4 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកគេឌានទៀតថា៖ «កងទ័ពនៅតែមានចំនួនច្រើននៅឡើយ។ ចូរនាំពួកគេចុះទៅមាត់ស្ទឹង នៅទីនោះ យើងនឹងជ្រើសរើសទ័ពឲ្យអ្នក គឺយើងនឹងប្រាប់ឲ្យអ្នកដឹងថា នរណាត្រូវទៅជាមួយអ្នក ហើយនរណាមិនត្រូវទៅ»។
5 លោកគេឌានក៏នាំពលទ័ពចុះទៅមាត់ស្ទឹង រួចព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ត្រូវញែកទាហានដែលផឹកទឹកដូចឆ្កែ ចេញពីពួកអ្នកដែលលុតជង្គង់ផឹក»។
6 ពេលនោះ មានមនុស្សបីរយនាក់បានក្បង់ទឹកផឹក រីឯអ្នកដទៃទៀតគេលុតជង្គង់ផឹក។
7 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលតាមរយៈមនុស្សបីរយនាក់ដែលក្បង់ទឹកផឹក។ យើងនឹងប្រគល់ជនជាតិម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក។ ចំពោះអ្នកឯទៀតៗ ត្រូវឲ្យគេវិលត្រឡប់ទៅជំរំរបស់ខ្លួនវិញចុះ»។
8 បន្ទាប់មក លោកគេឌានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅជំរំរៀងៗខ្លួន លោកទុកតែទាហានបីរយនាក់ឲ្យនៅជាមួយ ព្រមទាំងស្បៀងអាហារ និងស្នែងសម្រាប់ផ្លុំ។ រីឯទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងក្រោម គឺនៅវាលទំនាប។
9 នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។
10 ប្រសិនបើអ្នកខ្លាច មិនហ៊ានចុះទៅវាយខ្មាំងទេនោះ ចូរនាំពួរ៉ា ជាបាវបម្រើរបស់អ្នក ចុះទៅមើលជាមុនសិន។
11 អ្នកនឹងឮសេចក្ដីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ លោកក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់លោក រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។
12 ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេក៏មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
13 ពេលលោកគេឌានទៅដល់ លោកឮបុរសម្នាក់និយាយប្រាប់មិត្តភក្ដិអំពីសុបិនរបស់ខ្លួនដូចតទៅ៖ «គ្នាបានយល់សប្ដិឃើញនំប៉័ងមួយរមៀលចុះ រមៀលឡើង នៅក្នុងទីតាំងទ័ពរបស់យើង នំប៉័ងរមៀលទៅបុកនឹងតង់ត៍ធ្វើឲ្យតង់ត៍នោះរលំ»។
14 មិត្តភក្ដិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រាអែលឡើយ។ ព្រះជាម្ចាស់បានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។
15 ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ លោកក៏ក្រាបថ្វាយបង្គំព្រះជាម្ចាស់។ បន្ទាប់មក លោកវិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរនាំគ្នាក្រោកឡើង ព្រះអម្ចាស់ប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
16 លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម លោកក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។
17 បន្ទាប់មក លោកបញ្ជាទៅពួកគេថា៖ «ចូរមើលមកខ្ញុំ បើខ្ញុំធ្វើអ្វី ត្រូវនាំគ្នាធ្វើតាម ពេលខ្ញុំទៅដល់ក្បែរទីតាំងទ័ពរបស់គេ បើខ្ញុំធ្វើអ្វី នាំគ្នាធ្វើតាមទៅ។
18 កាលណាខ្ញុំ និងពួកដែលនៅជាមួយខ្ញុំផ្លុំស្នែង អ្នករាល់គ្នាដែលនៅជុំវិញទីតាំងទ័ពត្រូវផ្លុំស្នែងដែរ ហើយស្រែកឡើងថា “ជយោព្រះអម្ចាស់! ជយោលោកគេឌាន!”»។
19 លុះជិតពាក់កណ្ដាលអធ្រាត្រ ពេលគេទើបនឹងប្ដូរអ្នកយាម លោកគេឌាន និងទាហានមួយរយនាក់ដែលនៅជាមួយលោក មកដល់ជិតទីតាំងទ័ពរបស់ជនជាតិម៉ាឌាន ហើយនាំគ្នាផ្លុំស្នែងឡើង ព្រមទាំងបំបែកក្អមដែលគេកាន់មកជាមួយនោះ។
20 ទ័ពទាំងបីក្រុមផ្លុំស្នែង និងបំបែកក្អមព្រមគ្នា ពួកគេកាន់ចន្លុះនៅដៃឆ្វេង ហើយកាន់ស្នែងសម្រាប់ផ្លុំនៅដៃស្ដាំ ទាំងស្រែកថា៖ «យើងវាយយកជ័យថ្វាយព្រះអម្ចាស់ និងយកជ័យជូនលោកគេឌាន!»។
21 ពួកគេឈរនៅកន្លែងរៀងៗខ្លួនព័ទ្ធជុំវិញទីតាំងទ័ព។ រីឯខ្មាំងសត្រូវទាំងអស់ ដែលនៅក្នុងទីតាំងទ័ព នាំគ្នារត់ និងស្រែក ហើយបាក់ទ័ព។
22 នៅពេលទ័ពទាំងបីរយនាក់ផ្លុំស្នែង ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអេបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។
23 ជនជាតិអ៊ីស្រាអែលនៃកុលសម្ព័ន្ធណែបថាលី កុលសម្ព័ន្ធអេស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងមូលប្រមូលគ្នាមក ហើយដេញតាមជនជាតិម៉ាឌាន។
24 លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។
25 ពួកគេចាប់បានមេដឹកនាំរបស់ជនជាតិម៉ាឌានទាំងពីរនាក់ គឺអូរិប និងសៀប។ គេសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសម្លាប់សៀប នៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប។ បន្ទាប់មក ពួកគេដេញតាមជនជាតិម៉ាឌានបន្តទៅទៀត រួចហើយគេយកក្បាលរបស់អូរិប និងសៀប ពីត្រើយម្ខាងទន្លេយ័រដាន់ មកជូនលោកគេឌាន។