ចៅហ្វាយ 9 KHSV

អប៊ីម៉ា‌ឡេក​តាំង​ខ្លួន​ជា​ស្ដេច​នៅ​ស៊ីគែម

1 លោក​អប៊ីម៉ា‌ឡេក ជា​កូន​របស់​លោក​យេរូ‌បាល បាន​ទៅ​ស៊ីគែម រក​បង‌ប្អូន​ខាង​ម្ដាយ​របស់​គាត់ និង​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​ខាង​ម្ដាយ ហើយ​ពោល​ថា៖

2 «សូម​បង‌ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។

3 បង‌ប្អូន​ខាង​ម្ដាយ​របស់​លោក​អប៊ីម៉ា‌ឡេក​នាំ​ពាក្យ​នេះ ទៅ​ជម្រាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំទ្រ​លោក​អប៊ីម៉ា‌ឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។

4 ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង​ពី​វិហារ​របស់​ព្រះ​បាល‌បេរីត ជូន​គាត់។ លោក​អប៊ីម៉ា‌ឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។

5 បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។

6 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​បេត​មីឡូ​បាន​ជួប‌ជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្តូប​ថ្ម ហើយ​តែង‌តាំង​លោក​អប៊ីម៉ា‌ឡេក​ជា​ស្ដេច។

ពាក្យ​ប្រស្នា​របស់​លោក​យ៉ូថាម

7 ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖«ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយសូម​ស្ដាប់​ខ្ញុំហើយ​សូម​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់អ្នក​រាល់​គ្នា​ដែរ!

8 ថ្ងៃ​មួយ ដើម​ឈើ​ទាំង‌ឡាយ​ដើរ​ផ្សង​រក​ស្ដេចឲ្យ​គ្រង​រាជ្យ​លើ​គេ។ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា:សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។

9 ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា:ព្រះ និង​មនុស្ស​លោកពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នាតើ​ឲ្យ​ខ្ញុំ​លះ‌បង់​ប្រេង​របស់​ខ្ញុំហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗដូច​ម្ដេច​កើត។

10 ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ដើម​ឧទុម្ពរ​ថា:សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

11 ប៉ុន្តែ ដើម​ឧទុម្ពរ​ឆ្លើយ​ថា:តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ផ្លែ​ដ៏​ផ្អែម និង​ឆ្ងាញ់​ពិសាហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗដូច​ម្ដេច​កើត?

12 ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ដើម​ទំពាំង‌បាយជូរ​ថា:សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

13 ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​ឆ្លើយ​ថា:ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នាតើ​ឲ្យ​ខ្ញុំ​លះ‌បង់​ស្រា​របស់​ខ្ញុំហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗដូច​ម្ដេច​កើត?

14 នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់គុម្ព​បន្លា​ថា:សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

15 គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា:ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​ឲ្យ​ធ្វើជា​ស្ដេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ!បើ​មិន​ធ្វើ​ដូច្នោះ​ទេនឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!

16 ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ីម៉ា‌ឡេក​ឡើង​ជា​ស្ដេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​គ្រួសារ​លោក ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​លោក ចំពោះ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?

17 ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា លោក​បាន​ស៊ូ​ប្ដូរ​ជីវិត​របស់​លោក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន។

18 ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិត‌សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ីម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា។

19 ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​ក្រុម​គ្រួសារ​លោក​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អប៊ីម៉ា‌ឡេក ហើយ​សូម​ឲ្យ​គាត់​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អ្នក​រាល់​គ្នា​វិញ​ដែរ។

20 បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ីម៉ា‌ឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ មក​ឆេះ​អប៊ីម៉ា‌ឡេក​វិញ​ដែរ!»។

21 បន្ទាប់​មក លោក​យ៉ូថាម​ក៏​គេច​ខ្លួន រត់​ទៅ​ស្រុក​បៀរ ហើយ​រស់​នៅ​ទី​នោះ​ឆ្ងាយ​ពី​លោក​អប៊ីម៉ា‌ឡេក ជា​បង។

បណ្តា‌ជន​នៅ​ស៊ីគែម​ប្រឆាំង​នឹង​អប៊ីម៉ា‌ឡេក

22 លោក​អប៊ីម៉ា‌ឡេក​បាន​ដឹក​នាំ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​បី​ឆ្នាំ។

23 ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​អប៊ីម៉ា‌ឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ីម៉ា‌ឡេក។

24 ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់។ លោក​អប៊ីម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង‌ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។

25 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីម៉ា‌ឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីម៉ា‌ឡេក។

26 ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង‌ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។

27 ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ីម៉ា‌ឡេក។

28 ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីម៉ា‌ឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។

29 ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ីម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

30 កាល​លោក​សេប៊ូល ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ និយាយ​គាត់​ខឹង​យ៉ាង​ខ្លាំង។

31 គាត់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ីម៉ា‌ឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បង‌ប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​លោក។

32 ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។

33 ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សម្រុក​ចូល​ទីក្រុង។ នៅ​ពេល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​តទល់​នឹង​លោក​នោះ លោក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ»។

34 លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់ ក្រោក​ឡើង​ទាំង​យប់ ចែក​គ្នា​ជា​បួន​ក្រុម រួច​ទៅ​បង្កប់​ខ្លួន​នៅ​ក្បែរ​ស៊ីគែម។

35 ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទីក្រុង។ រីឯ​លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។

36 លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។

37 លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។

38 លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីម៉ា‌ឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើល‌ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។

39 លោក​កាអាល​ក៏​នាំ​មុខ​អ្នក​ក្រុង​ស៊ីគែម ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​លោក​អប៊ីម៉ា‌ឡេក។

40 លោក​កាអាល​បាក់​ទ័ព ហើយ​លោក​អប៊ីម៉ា‌ឡេក​ដេញ​តាម​ពី​ក្រោយ។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​របួស ដួល​ស្លាប់​មុន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង។

41 លោក​អប៊ីម៉ា‌ឡេក​ទៅ​ស្នាក់​នៅ​ភូមិ​អារូ‌ម៉ា ចំណែក​លោក​សេប៊ូល​វិញ គាត់​ដេញ​លោក​កាអាល និង​បង‌ប្អូន​របស់​គេ ចេញ​ពី​ស៊ីគែម មិន​ឲ្យ​គេ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។

42 លុះ​ស្អែក​ឡើង លោក​អប៊ីម៉ា‌ឡេក បាន​ទទួល​ដំណឹង​ថា អ្នក​ក្រុង​ស៊ីគែម​រៀបចំ​ខ្លួន​ចេញ​ទៅ​វាល។

43 គាត់​ក៏​ប្រមូល​ទាហាន​របស់​គាត់​មក ចែក​គេ​ជា​បី​ក្រុម ហើយ​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម​ចេញ​ពី​ទីក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។

44 លោក​អប៊ីម៉ា‌ឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។

45 លោក​អប៊ីម៉ា‌ឡេក​វាយ​ទីក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ គាត់​សម្លាប់​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង ហើយ​បំផ្លាញ​ទីក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។

46 នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។

47 លោក​អប៊ីម៉ា‌ឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ

48 គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។

49 ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ីម៉ា‌ឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។

50 ក្រោយ​មក លោក​អប៊ីម៉ា‌ឡេក​ទៅ​ក្រុង​ថេ‌បេស គាត់​ឡោម‌ព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។

51 នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។

52 លោក​អប៊ីម៉ា‌ឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។

53 ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។

54 ភ្លាម​នោះ លោក​អប៊ីម៉ា‌ឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

55 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ថា គាត់​បាន​ស្លាប់​ហើយ​នោះ គេ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

56 គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស​លោក​អប៊ីម៉ា‌ឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង‌ប្អូន​គាត់​ទាំង​ចិត‌សិប​នាក់។

57 ព្រះ‌ជាម្ចាស់​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្ដាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21