1 ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។
2 ជនជាតិម៉ាឌានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រាអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជម្រក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។
3 រាល់ពេលជនជាតិអ៊ីស្រាអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរមកពីស្រុកខាងកើត បានឡើងមកលុកលុយ។
4 អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជនជាតិអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រាអែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។
5 ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។
6 ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរព្រះអម្ចាស់ឲ្យជួយសង្គ្រោះគេ។
7 នៅពេលជនជាតិអ៊ីស្រាអែលស្រែកអង្វរ សុំព្រះអម្ចាស់រំដោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន
8 ព្រះអង្គក៏ចាត់ព្យាការីមួយរូបឲ្យមកប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នាចេញពីកន្លែង ដែលអ្នករាល់គ្នាជាប់ជាទាសករ។
9 យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ សង្កត់សង្កិនអ្នករាល់គ្នា។ យើងបានដេញពួកគេចេញពីមុខអ្នករាល់គ្នា ព្រមទាំងប្រគល់ទឹកដីរបស់ពួកគេមកឲ្យអ្នករាល់គ្នាទៀតផង។
10 យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្ដាប់យើងសោះ”»។
11 គ្រានោះ ទេវតារបស់ព្រះអម្ចាស់បានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃ ដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។
12 ទេវតារបស់ព្រះអម្ចាស់មកបង្ហាញខ្លួនឲ្យលោកគេឌានឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ ព្រះអម្ចាស់គង់នៅជាមួយអ្នកហើយ!»។
13 លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។
14 ព្រះអម្ចាស់ បែរមករកលោក ហើយមានព្រះបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។
15 លោកគេឌានឆ្លើយថា៖ «លោកម្ចាស់អើយ ធ្វើដូចម្ដេចឲ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ អំបូររបស់ខ្ញុំប្របាទខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទទៀតសោត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកវិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។
17 លោកគេឌានទូលតបថា៖ «ប្រសិនបើលោកគាប់ចិត្តខ្ញុំប្របាទមែន សូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំប្របាទបានដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន!
18 សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។
19 លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។
20 ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។
21 ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។
22 ពេលនោះ លោកគេឌានដឹងថា ជាទេវតារបស់ព្រះអម្ចាស់ លោកពោលថា៖ «វីវរហើយ ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះអង្គ ផ្ទាល់នឹងភ្នែក!»។
23 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។
24 លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។
25 នៅយប់ដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។
26 បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាយញ្ញបូជា ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។
27 លោកគេឌាននាំអ្នកបម្រើរបស់លោកដប់នាក់មក ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក ប៉ុន្តែ ដោយលោកខ្លាចក្រុមញាតិរបស់លោក និងខ្លាចអ្នកភូមិ លោកមិនហ៊ានធ្វើការនោះនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។
28 លុះព្រលឹមឡើង ពេលក្រោកពីដំណេក អ្នកភូមិឃើញអាសនៈរបស់ព្រះបាលរលំ ហើយបង្គោលរបស់ព្រះអាសេរ៉ាដែលនៅជិតនោះក៏ត្រូវគេកាប់ចោលដែរ ព្រមទាំងឃើញគោបាទីពីរដែលគេដុតជាយញ្ញបូជា នៅលើអាសនៈទើបនឹងសង់ទៀតផង។
29 គេសួរគ្នាទៅវិញទៅមកថា៖ «តើនរណាបានធ្វើការនេះ?»។ កាលស៊ើបសួរទៅ មានគេប្រាប់ថា៖ «គឺគេឌាន ជាកូនរបស់យ៉ូអាស បានធ្វើការនេះ»។
30 អ្នកភូមិពោលទៅកាន់លោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ព្រោះវាបានរំលំអាសនៈរបស់ព្រះបាល ព្រមទាំងកាប់បង្គោលរបស់ព្រះអាសេរ៉ា ដែលនៅជិតនោះទៀតផង!»។
31 លោកយ៉ូអាសឆ្លើយទៅអស់អ្នកដែលនៅក្បែរលោកថា៖ «តើបងប្អូនឬដែលត្រូវមកតវ៉ាជំនួសព្រះបាល? តើបងប្អូនឬដែលជាអ្នកសង្គ្រោះព្រះបាល? អ្នកណាតវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនព្រឹកស្អែក។ បើព្រះបាលពិតជាព្រះមែន ទុកឲ្យលោកតវ៉ាខ្លួនឯងផ្ទាល់ទៅ ព្រោះគេបានរំលំអាសនៈរបស់លោក!»។
32 ចាប់តាំងពីពេលនោះមក អ្នកភូមិហៅលោកគេឌានថា «យេរូបាល» ដោយពោលថា «សូមឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ដ្បិតគាត់បានរំលំអាសនៈរបស់លោក»។
33 នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើត បានប្រមូលផ្ដុំគ្នា ឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។
34 ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកគង់ក្នុងលោកគេឌាន លោកក៏ផ្លុំស្នែង ដើម្បីកោះហៅប្រជាជនក្នុងអំបូរអបៀស៊ើរ ឲ្យមកតាមលោក។
35 លោកចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមលោក។ លោកបានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកលោក។
36 ពេលនោះ លោកគេឌានទូលព្រះអម្ចាស់ដូចតទៅ៖ «ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ
37 ដូច្នេះ ទូលបង្គំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាសព្វព្រះហឫទ័យសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។
38 ព្រះអម្ចាស់បានធ្វើឲ្យកើតមានដូច្នោះមែន។ នៅព្រឹកថ្ងៃបន្ទាប់ លោកគេឌានក្រោកឡើង លោកពូតស្បែកចៀមបានទឹកសន្សើមពេញមួយចាន។
39 លោកគេឌានទូលព្រះជាម្ចាស់ថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំអី។ ទូលបង្គំសូមទូលតែម្ដងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។
40 យប់នោះ ព្រះជាម្ចាស់បានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។