1 នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖
2 «នៅស្រុកអ៊ីស្រាអែលប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធសូមសរសើរតម្កើងព្រះអម្ចាស់!
3 ស្ដេចទាំងឡាយអើយ សូមស្ដាប់!អ្នកដឹកនាំទាំងឡាយអើយចូរផ្ទៀងត្រចៀកស្ដាប់!ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។
4 ឱព្រះអម្ចាស់អើយកាលព្រះអង្គយាងចាកចេញពីស្រុកសៀរកាលព្រះអង្គយាងមកពីស្រុកអេដុមនោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹតពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។
5 ភ្នំទាំងឡាយរលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ជាព្រះនៃភ្នំស៊ីណៃគឺព្រះនៃជនជាតិអ៊ីស្រាអែល។
6 នៅជំនាន់លោកសាំកើរ ជាកូនលោកអណាតនៅជំនាន់នាងយ៉ាអែលគ្មាននរណាធ្វើដំណើរតាមផ្លូវទេគឺគេធ្វើដំណើរតែតាមផ្លូវវាង។
7 ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយនៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេរហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើងធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។
8 ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀតពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់គេរកតែខែល ឬលំពែងមួយមិនបានផង។
9 ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ជនជាតិអ៊ីស្រាអែលហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹងអស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំងសូមសរសើរតម្កើងព្រះអម្ចាស់!
10 អស់អ្នកដែលជិះមេលាសម្បុរសអស់អ្នកដែលអង្គុយលើកំរាលព្រំនិងអស់អ្នកដែលដើរតាមផ្លូវអើយចូររិះគិតពិចារណាចុះ!
11 ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូងរៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជំនះ!ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់នាំគ្នាចុះទៅកាន់ទ្វារក្រុង។
12 ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ!បារ៉ាក់ ជាកូនលោកអប៊ីណោមអើយចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយត្រឡប់មកវិញ។
13 អស់អ្នកដែលរួចពីស្លាប់បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួនប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាចូលមកជិតខ្ញុំរួមជាមួយវីរជនឯទៀតៗ។
14 អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីមដែលនៅជាប់នឹងស្រុកអាម៉ាឡេកកុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។មានមេទ័ពមកពីអំបូរម៉ាកៀរហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន
15 ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារបានទៅជាមួយដេបូរ៉ា។កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរគេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។រីឯកុលសម្ព័ន្ធរូបេនវិញគេគិតតែពីជជែកគ្នាមិនចេះចប់។
16 ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរហើយស្ដាប់សំឡេងពួកគង្វាលហៅហ្វូងសត្វខ្លួនដូច្នេះ?មែនហើយ នៅក្នុងពួករូបេនគេគិតតែពីជជែកគ្នាមិនចេះចប់។
17 កុលសម្ព័ន្ធនានា នៅស្រុកកាឡាដដែលស្ថិតនៅខាងកើតទន្លេយ័រដាន់មិនបានមកជួយទេកុលសម្ព័ន្ធដាន់នៅសំងំនៅលើនាវាកុលសម្ព័ន្ធអេស៊ើរក៏នៅសំងំតាមឆ្នេរសមុទ្រជិតកំពង់ផែដែរ។
18 រីឯកុលសម្ព័ន្ធសាប់យូឡូនក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិនៅតាមតំបន់ភ្នំ។
19 ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមកស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំងនៅតាណាក់ ក្បែរប្រភពទឹកមេគីដោតែពួកគេពុំបានទទួលប្រាក់ជាជយភ័ណ្ឌអ្វីសោះឡើយ។
20 ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃផ្កាយទាំងនោះគោចរតាមផ្លូវរបស់វាមកច្បាំងជាមួយស៊ីសេរ៉ា។
21 ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមានទឹកហូរ តាំងពីបុរាណកាលមកអើយអ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
22 ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដីគឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23 ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះចូរដាក់បណ្ដាសាអ្នកក្រុងនោះផងពីព្រោះគេមិនបានមកជួយព្រះអម្ចាស់គឺគេមិនបានមកជួយព្រះអម្ចាស់រួមជាមួយពួកវីរជនទេ។
24 សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែលជាភរិយារបស់លោកហេប៊ើ ជនជាតិកែនលើសស្ត្រីទាំងឡាយ!សូមព្រះអង្គប្រទានពរដល់នាងលើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25 ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះគឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុងពែងដ៏ប្រណីត
26 បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹងហើយដៃស្ដាំចាប់ញញួររបស់ជាងរួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាលព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។
27 ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។
28 ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះគាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ?ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ?
29 ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា:
30 ពួកទាហានប្រាកដជានៅប្រមូលជយភ័ណ្ឌពួកគេកំពុងតែចែកជយភ័ណ្ឌទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌និងក្រណាត់ប៉ាក់។អ្នកមានជ័យជំនះទទួលសម្លៀកបំពាក់ពណ៌ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។
31 ឱព្រះអម្ចាស់អើយសូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គវិនាសអន្តរាយដូច្នោះដែរ!សូមឲ្យអ្នកដែលស្រឡាញ់ព្រះអង្គបានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ស្រុកទេសក៏បានសុខសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។