1 ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
2 គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។
3 ថ្ងៃមួយ ទេវតា*របស់ព្រះអម្ចាស់បានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។
4 ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ
5 ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសារីត*មួយរូប។ កូននោះនឹងចាប់ផ្ដើមរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។
6 ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។
7 លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។
8 លោកម៉ាណូអាក៏ទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់មេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។
9 ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះជាម្ចាស់ក៏មកជួបនឹងស្ត្រីនោះម្ដងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចម្ការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់គាត់ មិនបាននៅជាមួយទេ។
10 គាត់ក៏ប្រញាប់ប្រញាល់រត់ទៅជម្រាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំ ពីថ្ងៃមុនអញ្ជើញមកទៀតហើយ!»។
11 លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរស ហើយពោលថា៖ «តើលោកឬ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
12 លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសម្រេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។
13 ទេវតារបស់ព្រះអម្ចាស់តបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់
14 នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនបរិសុទ្ធដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានប្រាប់»។
15 លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។
16 ទេវតាឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថាជាទេវតារបស់ព្រះអម្ចាស់ទេ
17 គាត់ក៏សួរថា៖ «តើលោកឈ្មោះអី សូមមេត្តាប្រាប់ឲ្យយើងខ្ញុំស្គាល់ផង ដើម្បីឲ្យយើងខ្ញុំអាចដឹងគុណលោក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់លោក»។
18 ទេវតាតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។
19 បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្ម ថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ
20 គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។
21 កាលអ្នកទាំងពីរមើលទេវតារបស់ព្រះអម្ចាស់លែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាទេវតារបស់ព្រះអម្ចាស់
22 ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។
23 ភរិយារបស់គាត់ក៏ឆ្លើយថា៖ «ប្រសិនបើព្រះអម្ចាស់ចង់ឲ្យយើងស្លាប់មែននោះ ព្រះអង្គមិនទទួលតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់យើងទេ ហើយក៏មិនសម្តែងការអស្ចារ្យទាំងនេះឲ្យយើងឃើញ ព្រមទាំងប្រាប់យើងពីអ្វីៗដែលយើងបានឮនេះដែរ»។
24 ភរិយារបស់លោកម៉ាណូអាបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចម្រើនធំឡើង ហើយព្រះអម្ចាស់ប្រទានពរលោក។
25 ព្រះវិញ្ញាណនៃព្រះអម្ចាស់បានចាប់ផ្ដើមធ្វើសកម្មភាពក្នុងជីវិតលោក ពេលលោកស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។