7 បុរសលេវីក្រោកឡើង ចង់ចេញដំណើរ ដោយឪពុកក្មេកចេះតែទទូចអង្វរពេក គាត់ក៏យល់ព្រមស្នាក់នៅមួយយប់ទៀត។
8 នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ»។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។
9 នៅពេលដែលបុរសលេវីចង់ចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ ចូរនាំគ្នាសម្រាកលេងទីនេះទៅ។ ចាំស្អែក សឹមក្រោកពីព្រលឹម ហើយចេញដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញចុះ»។
10 ប៉ុន្តែម្ដងនេះ បុរសលេវីប្រកែកពុំព្រមនៅទៀតទេ។ គាត់ក្រោកឡើងចេញដំណើរជាមួយប្រពន្ធចុង ព្រមទាំងសត្វលាទាំងពីររបស់គាត់ ដែលមានចងកែបរួចជាស្រេចនោះដែរ។ ពួកគេមកដល់កន្លែងមួយ នៅទល់មុខនឹងក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹម។
11 ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
12 ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។
13 គាត់ក៏បន្ថែមទៀតថា៖ «យើងត្រូវតែស្រូតដំណើរឲ្យដល់ក្រុងគីបៀរ ឬភូមិរ៉ាម៉ា ហើយនៅទីនោះយើងនឹងសម្រាកកន្លែងណាមួយក៏បាន»។