ចៅហ្វាយ 20:1-7 KHSV

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស‌ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេ‌បា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

2 ពួក​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​វត្ត‌មាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​កង‌ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។

3 កូន​ចៅ​បេន‌យ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​លើក​ទ័ព​មក​ដល់​មីស‌ប៉ា​ហើយ។ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋ‌កម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?

4 បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបៀរ ជា​ទឹក​ដី​របស់​ពួក​បេន‌យ៉ាមីន ដើម្បី​សម្រាក​នៅ​ពេល​យប់។

5 យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបៀរ​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោម‌ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។

6 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យក​សាក‌សព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ដ្បិត​ពួក​បេន‌យ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់‌ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ស្រុក​អ៊ីស្រា‌អែល។

7 ឥឡូវ​នេះ បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​បង‌ប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ចុះ!»។