16 ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។
17 រីឯទាហានរបស់កុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ ក្រៅពីកុលសម្ព័ន្ធបេនយ៉ាមីន មានបួនសែននាក់ដែលប្រដាប់ដោយដាវ ហើយសុទ្ធតែជាអ្នកចំបាំងដ៏ស្ទាត់ជំនាញ។
18 ពេលនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាឡើងទៅបេតអែល ទូលសួរព្រះជាម្ចាស់ថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកបេនយ៉ាមីនមុនគេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
19 ជនជាតិអ៊ីស្រាអែលក្រោកឡើងពីព្រលឹម នាំគ្នាទៅបោះទ័ពនៅទល់មុខនឹងគីបៀរ។
20 បន្ទាប់មក កងទ័ពអ៊ីស្រាអែលចូលទៅប្រយុទ្ធនឹងបេនយ៉ាមីន ដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ។
21 កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិអស់ចំនួនពីរម៉ឺនពីរពាន់នាក់។
22 ទាហានអ៊ីស្រាអែលក៏បានពង្រឹងទឹកចិត្តឡើងវិញ ហើយតំរៀបទ័ពនៅលើសមរភូមិដដែល។