20 បន្ទាប់មក កងទ័ពអ៊ីស្រាអែលចូលទៅប្រយុទ្ធនឹងបេនយ៉ាមីន ដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ។
21 កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិអស់ចំនួនពីរម៉ឺនពីរពាន់នាក់។
22 ទាហានអ៊ីស្រាអែលក៏បានពង្រឹងទឹកចិត្តឡើងវិញ ហើយតំរៀបទ័ពនៅលើសមរភូមិដដែល។
23 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏ចេញទៅយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រហូតដល់ល្ងាច ដោយទូលសួរព្រះអង្គថា៖ «តើយើងខ្ញុំត្រូវប្រយុទ្ធនឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀតឬទេ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ចូរឡើងទៅវាយពួកគេចុះ!»។
24 ជនជាតិអ៊ីស្រាអែលក៏វាយលុកកូនចៅបេនយ៉ាមីនសាជាថ្មី។
25 នៅថ្ងៃទីពីរនេះ កូនចៅបេនយ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រាអែល ហើយប្រហារជីវិតពួកគេនៅលើសមរភូមិនោះ អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។
26 ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកថ្វាយជាតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព*ចំពោះព្រះអម្ចាស់។