26 ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកថ្វាយជាតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព*ចំពោះព្រះអម្ចាស់។
27 ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ ដ្បិតគ្រានោះ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ស្ថិតនៅបេតអែល
28 ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់លោកអើរ៉ុន ជាអ្នកបម្រើព្រះអង្គនៅទីនោះ។ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ ព្រះអម្ចាស់ឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
29 ជនជាតិអ៊ីស្រាអែលបានបង្កប់ទ័ពឆ្មក់នៅជុំវិញក្រុងគីបៀរ។
30 នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។
31 ពេលនោះ កូនចៅបេនយ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពបេនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រាអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រាអែលអស់ចំនួនសាមសិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។
32 កូនចៅបេនយ៉ាមីនពោលថា៖ «មើលហ្ន៎! ពួកវាបាក់ទ័ពដូចគ្រាមុនទៀតហើយ!»។ រីឯជនជាតិអ៊ីស្រាអែលវិញ គេពោលថា៖ «យើងនាំគ្នារត់ទៅ ដើម្បីទាក់ទាញពួកវាចេញឲ្យឆ្ងាយពីក្រុង»។