ចៅហ្វាយ 21:15-21 KHSV

15 ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ណាស់ ព្រោះ​ព្រះ‌អម្ចាស់​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល។

16 ពេល​នោះ អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ?

17 ពួក​បេន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។

18 ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី‌ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។

19 អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេត‌អែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេត‌អែល​ទៅ​ស៊ីគែម)។

20 ពួក​គេ​បញ្ជា​កូន​ចៅ​បេន‌យ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ

21 ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។