1 លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្ដាយរបស់គាត់ និងញាតិសន្ដានទាំងប៉ុន្មានខាងម្ដាយ ហើយពោលថា៖
2 «សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។
3 បងប្អូនខាងម្ដាយរបស់លោកអប៊ីម៉ាឡេកនាំពាក្យនេះ ទៅជម្រាបពួកអ្នកមុខអ្នកការនៅស៊ីគែម។ ពួកគេនាំគ្នាគាំទ្រលោកអប៊ីម៉ាឡេក ដោយគិតថា គាត់ជាសាច់ឈាមរបស់ពួកគេ។
4 ពួកគេយកប្រាក់ម្ភៃតម្លឹងពីវិហាររបស់ព្រះបាលបេរីត ជូនគាត់។ លោកអប៊ីម៉ាឡេកយកប្រាក់នេះទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមគាត់។
5 បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះលោកលាក់ខ្លួន។
6 ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេតមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេកជាស្ដេច។
7 ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖«ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយសូមស្ដាប់ខ្ញុំហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នាដែរ!
8 ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្ដេចឲ្យគ្រងរាជ្យលើគេ។ពួកគេពោលទៅកាន់ដើមអូលីវថា:សូមគ្រងរាជ្យលើយើងខ្ញុំទៅ។
9 ប៉ុន្តែ ដើមអូលីវឆ្លើយថា:ព្រះ និងមនុស្សលោកពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នាតើឲ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត។
10 ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមឧទុម្ពរថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
11 ប៉ុន្តែ ដើមឧទុម្ពរឆ្លើយថា:តើឲ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសាហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត?
12 ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមទំពាំងបាយជូរថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
13 ប៉ុន្តែ ដើមទំពាំងបាយជូរឆ្លើយថា:ស្រារបស់ខ្ញុំបានធ្វើឲ្យព្រះ និងមនុស្សលោក សប្បាយចិត្តគ្រប់ៗគ្នាតើឲ្យខ្ញុំលះបង់ស្រារបស់ខ្ញុំហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត?
14 នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់គុម្ពបន្លាថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
15 គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា:ប្រសិនបើអ្នករាល់គ្នាចង់អភិសេកខ្ញុំឲ្យធ្វើជាស្ដេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ!បើមិនធ្វើដូច្នោះទេនឹងមានភ្លើងចេញពីគុម្ពបន្លាបញ្ឆេះដើមតាត្រៅនៅស្រុកលីបង់ថែមទៀតផង!
16 ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្ដេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារលោក ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណលោក ចំពោះកិច្ចការដែលលោកបានធ្វើដល់អ្នករាល់គ្នាឬទេ?
17 ឪពុករបស់ខ្ញុំបានច្បាំង ដើម្បីអ្នករាល់គ្នា លោកបានស៊ូប្ដូរជីវិតរបស់លោករំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន។
18 ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារលោក អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់លោកទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់លោក ឲ្យធ្វើជាស្ដេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។
19 ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងក្រុមគ្រួសារលោកដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែននោះ សូមឲ្យអ្នករាល់គ្នាបានសប្បាយរីករាយ ដោយសារអប៊ីម៉ាឡេក ហើយសូមឲ្យគាត់បានសប្បាយរីករាយ ដោយសារអ្នករាល់គ្នាវិញដែរ។
20 បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបេតមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។
21 បន្ទាប់មក លោកយ៉ូថាមក៏គេចខ្លួន រត់ទៅស្រុកបៀរ ហើយរស់នៅទីនោះឆ្ងាយពីលោកអប៊ីម៉ាឡេក ជាបង។
22 លោកអប៊ីម៉ាឡេកបានដឹកនាំស្រុកអ៊ីស្រាអែលអស់រយៈពេលបីឆ្នាំ។
23 ក្រោយមក ព្រះជាម្ចាស់បានធ្វើឲ្យលោកអប៊ីម៉ាឡេក និងពួកអ្នកមុខអ្នកការនៅស៊ីគែម មានគំនិតបាក់បែកគ្នា គឺពួកគេបាននាំគ្នាក្បត់នឹងលោកអប៊ីម៉ាឡេក។
24 ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែមទទួលទោស ព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។
25 ពួកអ្នកមុខអ្នកការនៅស៊ីគែមបានចាត់មនុស្សឲ្យទៅបង្កប់ខ្លួននៅលើកំពូលភ្នំ ដើម្បីប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ គឺក្នុងគោលបំណងប្រឆាំងនឹងលោកអប៊ីម៉ាឡេក។ មានគេនាំដំណឹងនេះទៅប្រាប់លោកអប៊ីម៉ាឡេក។
26 ថ្ងៃមួយ លោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។
27 ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្ដាសាលោកអប៊ីម៉ាឡេក។
28 ពេលនោះ លោកកាអាលពោលឡើងថា៖ «តើអប៊ីម៉ាឡេកជានរណា ហើយយើងទាំងអស់គ្នានៅស៊ីគែមនេះជានរណាដែរ បានជាត្រូវចំណុះគាត់? គាត់ជាកូនរបស់លោកយេរូបាល ហើយសេប៊ូលជាតំណាងរបស់គាត់។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបម្រើគាត់ឡើយ ចូរស្មោះត្រង់នឹងពូជពង្សលោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែមនោះវិញ។
29 ប្រសិនបើមានគេប្រគល់ប្រជាជននៅស៊ីគែមនេះមកឲ្យខ្ញុំត្រួតត្រា ខ្ញុំនឹងផ្តួលអប៊ីម៉ាឡេកជាមិនខាន»។ បន្ទាប់មក លោកកាអាលក៏ស្រែកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពរបស់ឯង ចេញមកប្រយុទ្ធជាមួយនឹងយើង!»។
30 កាលលោកសេប៊ូល ជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដ និយាយគាត់ខឹងយ៉ាងខ្លាំង។
31 គាត់ក៏ចាត់អ្នកនាំសារឲ្យទៅជាសម្ងាត់ ប្រាប់លោកអប៊ីម៉ាឡេកថា៖ «កាអាល ជាកូនរបស់លោកអេបេដ ព្រមទាំងបងប្អូនរបស់គេទើបនឹងមកដល់ស៊ីគែម ហើយកំពុងតែញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។
32 ដូច្នេះ នៅយប់នេះ សូមលោកចេញទៅបង្កប់ខ្លួននៅឯស្រុកស្រែ ជាមួយទាហានរបស់លោកទៅ។
33 ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសម្រុកចូលទីក្រុង។ នៅពេលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងលោកនោះ លោកអាចប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញទៅចុះ»។
34 លោកអប៊ីម៉ាឡេក និងទាហានទាំងប៉ុន្មានដែលនៅជាមួយគាត់ ក្រោកឡើងទាំងយប់ ចែកគ្នាជាបួនក្រុម រួចទៅបង្កប់ខ្លួននៅក្បែរស៊ីគែម។
35 ពេលនោះ លោកកាអាល ជាកូនរបស់លោកអេបេដ ក៏ចេញទៅឈរនៅមាត់ទ្វារទីក្រុង។ រីឯលោកអប៊ីម៉ាឡេក និងទាហានរបស់គាត់ ក៏ស្ទុះចេញមកពីទីបង្កប់ខ្លួនដែរ។
36 លោកកាអាលឃើញពួកគេ ក៏និយាយទៅកាន់លោកសេប៊ូលថា៖ «មើល! មានមនុស្សចុះពីលើកំពូលភ្នំមក»។ ប៉ុន្តែ លោកសេប៊ូលឆ្លើយថា៖ «មិនមែនទេ គឺជាស្រមោលភ្នំទេតើ តែអ្នកមើលឃើញថាជាមនុស្សទៅវិញ!»។
37 លោកកាអាលក៏ពោលទៀតថា៖ «មើលន៎ គឺពិតជាមានមនុស្សចុះពីភ្នំដែលនៅកណ្ដាលនោះមែន ហើយក៏មានមួយក្រុមទៀតមកតាមផ្លូវដើមជ្រៃរបស់ពួកហោរាដែរ»។
38 លោកសេប៊ូលឆ្លើយតបថា៖ «ម្ដេចក៏អ្នកឯងមិនក្អេងក្អាងទៀតទៅ? កាលពីមុនអ្នកឯងបានពោលថា “តើអប៊ីម៉ាឡេកជានរណា បានជាយើងត្រូវចំណុះគាត់?”។ ឥឡូវនេះ ពួកដែលអ្នកឯងមើលងាយ មកដល់ហើយ ចូរចេញទៅប្រយុទ្ធជាមួយគេទៅ!»។
39 លោកកាអាលក៏នាំមុខអ្នកក្រុងស៊ីគែម ចេញទៅប្រយុទ្ធជាមួយលោកអប៊ីម៉ាឡេក។
40 លោកកាអាលបាក់ទ័ព ហើយលោកអប៊ីម៉ាឡេកដេញតាមពីក្រោយ។ មនុស្សមួយចំនួនធំត្រូវរបួស ដួលស្លាប់មុនទៅដល់មាត់ទ្វារក្រុង។
41 លោកអប៊ីម៉ាឡេកទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេ ចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
42 លុះស្អែកឡើង លោកអប៊ីម៉ាឡេក បានទទួលដំណឹងថា អ្នកក្រុងស៊ីគែមរៀបចំខ្លួនចេញទៅវាល។
43 គាត់ក៏ប្រមូលទាហានរបស់គាត់មក ចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែមចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។
44 លោកអប៊ីម៉ាឡេក និងក្រុមដែលនៅជាមួយគាត់ នាំគ្នាទៅស្ទាក់នៅមាត់ទ្វារក្រុង ក្នុងពេលដែលក្រុមពីរទៀតកំពុងតែដេញប្រហារជីវិតអស់អ្នកដែលនៅតាមវាល។
45 លោកអប៊ីម៉ាឡេកវាយទីក្រុងពេញមួយថ្ងៃ ទើបដណ្ដើមយកទីក្រុងបាន។ គាត់សម្លាប់ប្រជាជននៅក្នុងទីក្រុង ហើយបំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។
46 នៅពេលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងគុហា ដែលនៅក្រោមវិហារព្រះបេរីត។
47 លោកអប៊ីម៉ាឡេកបានទទួលដំណឹងថា ពួកគេប្រមូលផ្ដុំគ្នានៅទីនោះ
48 គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។
49 ពួកទាហានក៏កាប់មែកឈើម្នាក់មួយមែកៗ ហើយលីទៅតាមលោកអប៊ីម៉ាឡេក។ ពួកគេយកមែកឈើទាំងនោះទៅគរនៅមាត់គុហា រួចដុតភ្លើងបញ្ឆេះគុហា ព្រមទាំងមនុស្សដែលនៅក្នុងនោះផង។ អស់អ្នកដែលនៅក្នុងប៉មស៊ីគែម បានស្លាប់បែបនេះឯង ពួកគេទាំងប្រុសទាំងស្រីមានចំនួនប្រមាណមួយពាន់នាក់។
50 ក្រោយមក លោកអប៊ីម៉ាឡេកទៅក្រុងថេបេស គាត់ឡោមព័ទ្ធក្រុងនោះ ហើយដណ្ដើមយកបាន។
51 នៅកណ្ដាលក្រុងនោះ មានប៉មមួយយ៉ាងមាំ ប្រជាជនទាំងប្រុសទាំងស្រី និងអ្នកមុខអ្នកការទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាទៅជ្រកក្នុងប៉មនោះ។ ពួកគេបិទទ្វារយ៉ាងជិត រួចនាំគ្នាឡើងទៅលើកំពូល។
52 លោកអប៊ីម៉ាឡេកចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារ ដើម្បីដុតបំផ្លាញចោល។
53 ពេលនោះ ស្ត្រីម្នាក់បានទម្លាក់ត្បាល់ថ្មមួយទៅលើក្បាលគាត់ ហើយក្បាលគាត់ក៏បែក។
54 ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
55 កាលជនជាតិអ៊ីស្រាអែលឃើញថា គាត់បានស្លាប់ហើយនោះ គេក៏វិលត្រឡប់ទៅកាន់ទីលំនៅរបស់គេរៀងៗខ្លួនវិញ។
56 គឺយ៉ាងនេះហើយ ដែលព្រះជាម្ចាស់ដាក់ទោសលោកអប៊ីម៉ាឡេក សមនឹងអំពើអាក្រក់ដែលគាត់បានធ្វើចំពោះឪពុករបស់គាត់ ដោយសម្លាប់បងប្អូនគាត់ទាំងចិតសិបនាក់។
57 ព្រះជាម្ចាស់ក៏បានដាក់ទោសអ្នកក្រុងស៊ីគែម សមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្ដាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាល បានថ្លែងទាស់នឹងពួកគេ។