លោកុ‌ប្បត្តិ 23:1-7 KHSV

1 លោក​ស្រី​សារ៉ា​រស់​បាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​ឆ្នាំ។

2 ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ‌ភាព​នៅ​ក្រុង​គារយ៉ាត់-‌អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រាហាំ​មក​រៀបចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។

3 បន្ទាប់​មក លោក​អប្រាហាំ​ចាក​ចេញ​ពី​សាក‌សព​ភរិយា​ទៅ​និយាយ​នឹង​ជន‌ជាតិ​ហេត​ដូច​ត​ទៅ៖

4 «ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន។ សូម​បង‌ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​បង‌ប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ»។

5 ជន‌ជាតិ​ហេត​តប​មក​លោក​អប្រាហាំ​វិញ​ថា៖

6 «លោក​ម្ចាស់ សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។

7 លោក​អប្រាហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។