1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។
2 ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធមក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
3 ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល
4 ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឲ្យភ្លៀងបង្អុរចុះមកលើផែនដី ក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី»។
5 លោកណូអេបានធ្វើតាមសព្វគ្រប់ទាំងអស់ ដូចព្រះអម្ចាស់បង្គាប់។
6 នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
7 លោកណូអេបានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសាស្រីរបស់លោក ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។
8 មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី
9 ទាំងគូៗ មានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។
10 ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។
11 ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
12 ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។
13 នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសាស្រីទាំងបីរបស់លោកនាំគ្នាចូលទៅក្នុងទូកធំ។
14 សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាបក៏ចូលជាមួយដែរ។
15 សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកលោកណូអេនៅក្នុងទូកធំ
16 គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។
17 ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្ដែតឡើងផុតពីដី។
18 ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្ដែតពីលើផ្ទៃទឹក។
19 ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។
20 ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។
21 សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។
22 អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។
23 ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។
24 ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។