1 ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំប៉័ង។
2 ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងនោះជាខ្លាំង។
3 ស្ដេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។
4 មេបញ្ជាការប្រគល់លោកទាំងពីរឲ្យលោកយ៉ូសែបមើលខុសត្រូវ។ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក
5 មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។
6 ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់
7 លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។
8 គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
9 មហាតលិកដែលមាននាទីថ្វាយស្រាស្ដេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់គាត់ ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើម នៅពីមុខខ្ញុំ។
10 ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។
11 ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។
12 លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។
13 បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។
14 ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
15 ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុសគួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
16 មហាតលិកដែលមាននាទីថ្វាយនំប៉័ង ឃើញលោកយ៉ូសែបកាត់សប្តិឲ្យមហាតលិកម្នាក់ទៀតល្អគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។
17 នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។
18 លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។
19 នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។
20 បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះចៅផារ៉ោន ស្ដេចបានជប់លៀងក្រុមមន្ត្រីរបស់ស្ដេច។ ពេលនោះ ស្ដេចបានឲ្យគេដោះលែងមហាតលិកទាំងពីរ នៅមុខមន្ត្រីទាំងអស់។
21 ព្រះរាជាបានតែងតាំងមហាតលិក ដែលមាននាទីថ្វាយស្រា ឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។
22 ប៉ុន្តែ ស្ដេចបញ្ជាឲ្យគេយកមហាតលិកថ្វាយនំប៉័ងទៅព្យួរ-ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។
23 រីឯមហាតលិកដែលមាននាទីថ្វាយស្រា មិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។