លោកុ‌ប្បត្តិ 11 KHSV

ប្រាសាទ​នៅ​ក្រុង​បាបិល

1 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។

2 ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ី‌ណើរ គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​តំបន់​នោះ។

3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។

4 បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែនដី​ឡើយ»។

5 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទីក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រារាំង​ពួក​គេ​ឡើយ។

7 ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។

8 ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។

9 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។

បញ្ជី​រាយ​នាម​បុព្វបុរស​របស់​លោក​អប្រាហាំ

10 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​សិម។ ពេល​លោក​សិម​អាយុ​មួយ​រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ លោក​បង្កើត​បាន​អើប៉ាក់‌សាឌ។

11 ក្រោយ​កំណើត​អើប៉ាក់‌សាឌ លោក​សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។

12 ពេល​លោក​អើប៉ាក់‌សាឌ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​សេឡា។

13 ក្រោយ​កំណើត​សេឡា លោក​អើប៉ាក់‌សាឌ​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

14 ពេល​លោក​សេឡា​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ហេប៊ើរ។

15 ក្រោយ​កំណើត​ហេប៊ើរ លោក​សេឡា​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

16 ពេល​លោក​ហេប៊ើរ​អាយុ​សាម‌សិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ផាលេក។

17 ក្រោយ​កំណើត​ផាលេក លោក​ហេប៊ើរ​រស់​បាន​បួន​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

18 ពេល​លោក​ផាលេក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​រេហ៊ូវ។

19 ក្រោយ​កំណើត​រេហ៊ូវ លោក​ផាលេក​រស់​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20 ពេល​លោក​រេហ៊ូវ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។

21 ក្រោយ​កំណើត​សេរូក លោក​រេហ៊ូវ​រស់​បាន​ពីរ​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

22 ពេល​លោក​សេរូក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ណាឃរ។

23 ក្រោយ​កំណើត​ណាឃរ លោក​សេរូក​រស់​បាន​ពីរ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

24 ពេល​លោក​ណាឃរ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​ថេរ៉ា។

25 ក្រោយ​កំណើត​ថេរ៉ា លោក​ណាឃរ​រស់​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

26 ពេល​លោក​ថេរ៉ា​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។

27 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​ថេរ៉ា។ លោក​ថេរ៉ា​បង្កើត​លោក​អាប់រ៉ាម លោក​ណាឃរ និង​លោក​ហារ៉ាន។ លោក​ហារ៉ាន​បង្កើត​ឡុត។

28 លោក​ហារ៉ាន​បាន​ទទួល​មរណ‌ភាព នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។

29 លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។

30 នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។

31 លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។

32 លោក​ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50