1 លោកអប្រាហាំចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ លោកបានតាំងទីលំនៅនៅចន្លោះក្រុងកាដេស និងក្រុងស៊ើរ បន្ទាប់មក លោកបានទៅនៅក្រុងកេរ៉ា។
2 លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ាជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។
3 ពេលនោះ ព្រះជាម្ចាស់យាងមកជួបស្ដេចអប៊ីម៉ាឡិច ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្ដីហើយ»។
4 ព្រះបាទអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្ដេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ?
5 បុរសនោះទេតើដែលបានប្រាប់ទូលបង្គំថា“នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ទូលបង្គំថា“គាត់ត្រូវជាបងខ្ញុំ”ដែរ។ ទូលបង្គំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។
6 ព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះ ដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្ដោយឲ្យអ្នកប៉ះពាល់នាងឡើយ។
7 ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការីមួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
8 ព្រះបាទអប៊ីម៉ាឡិចក្រោកឡើងពីព្រលឹម ស្ដេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្ដេចព្រឺខ្លាចជាខ្លាំង។
9 ព្រះបាទអប៊ីម៉ាឡិចហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្ដេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។
10 បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។
11 លោកអប្រាហាំតបថា៖ «ទូលបង្គំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចព្រះជាម្ចាស់ទេមើលទៅ គេមុខជាប្រហារជីវិតទូលបង្គំ ព្រោះតែប្រពន្ធទូលបង្គំមិនខាន។
12 មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្ដាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។
13 នៅពេលព្រះជាម្ចាស់នាំទូលបង្គំចាកចេញឆ្ងាយពីញាតិសន្ដានរបស់ទូលបង្គំ ទូលបង្គំបានប្រាប់នាងសារ៉ាថា “នៅទីណាដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
14 ព្រះបាទអប៊ីម៉ាឡិចបានយកចៀម យកគោពីក្នុងហ្វូងសត្វរបស់ស្ដេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនលោកអប្រាហាំ ហើយក៏បានប្រគល់លោកស្រីសារ៉ាជូនលោកវិញដែរ។
15 ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។
16 ព្រះអង្គមានរាជឱង្ការទៅកាន់លោកស្រីសារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។
17 លោកអប្រាហាំបានទូលអង្វរព្រះជាម្ចាស់ សូមមេត្តាប្រោសព្រះបាទអប៊ីម៉ាឡិច ព្រមទាំងមហេសី និងពួកស្រីស្នំរបស់ព្រះអង្គ ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន
18 ដ្បិតព្រះអម្ចាស់បានធ្វើឲ្យស្ត្រីៗ ក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែលោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំ។