3 បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖
4 «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។
5 ជនជាតិហេតតបមកលោកអប្រាហាំវិញថា៖
6 «លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់លោកឡើយ»។
7 លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។
8 លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង
9 គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។