9 គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។
10 លោកអេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅលោកអប្រាហាំវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖
11 «លោកម្ចាស់ សូមស្ដាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចម្ការ ព្រមទាំងគុហានៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។
12 លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ
13 ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។
14 ប៉ុន្តែ លោកអេប្រូនតបទៅលោកអប្រាហាំថា៖
15 «លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។