លោកុ‌ប្បត្តិ 24:12-18 KHSV

12 គាត់​ក៏​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ចៅហ្វាយ​របស់​ទូលបង្គំ សូម​ព្រះ‌អង្គ​មេត្តា​ជួយ​ឲ្យ​ទូលបង្គំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ដល់​លោក​អប្រាហាំ​ជា​ម្ចាស់​ទូលបង្គំ​ផង!

13 ទូលបង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទីក្រុង​មក​ដង​ទឹក​ដែរ

14 បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះ‌អង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះ‌អង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។

15 គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។

16 នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។

17 អ្នក​បម្រើ​របស់​លោក​អប្រាហាំ​រត់​ទៅ​រក​នាង ពោល​ថា៖ «សូម​នាង​មេត្តា​ចាក់​ទឹក​ពី​ក្អម​នាង ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច»។

18 នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។