2 លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
3 ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
4 គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។
5 អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។
6 លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ!
7 ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្ដាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។
8 ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។