6 លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ!
7 ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្ដាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។
8 ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។
9 អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅលោកអប្រាហាំ ជាម្ចាស់របស់គាត់ ទាំងស្បថជូនលោកអំពីរឿងនេះ។
10 អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។
11 លុះមកដល់ជិតអណ្ដូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។
12 គាត់ក៏អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ចៅហ្វាយរបស់ទូលបង្គំ សូមព្រះអង្គមេត្តាជួយឲ្យទូលបង្គំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសម្តែងព្រះហឫទ័យសន្តោសមេត្តាដល់លោកអប្រាហាំជាម្ចាស់ទូលបង្គំផង!