28 សូមព្រះជាម្ចាស់ប្រទានទឹកសន្សើមពីលើមេឃមកឲ្យកូនព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ព្រះអង្គប្រទានឲ្យកូនមានស្រូវនិងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
29 សូមឲ្យជាតិសាសន៍នានាបានទៅជាខ្ញុំបម្រើរបស់កូនហើយឲ្យប្រជាជាតិជាច្រើនក្រាបថ្វាយបង្គំកូន!។សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន!សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូនក្រាបថ្វាយបង្គំកូន!អ្នកណាដាក់បណ្ដាសាកូនអ្នកនោះមុខជាទទួលបណ្ដាសាមិនខាន!រីឯអ្នកណាឲ្យពរកូនអ្នកនោះក៏នឹងទទួលពរដែរ»។
30 ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។
31 គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន»។
32 លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។
33 លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
34 ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។