លោកុ‌ប្បត្តិ 29:10-16 KHSV

10 ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​លោក​ឡាបាន់​ផឹក។

11 បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។

12 លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

13 កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។

14 លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។

15 ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

16 លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។