លោកុ‌ប្បត្តិ 29:13-19 KHSV

13 កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។

14 លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។

15 ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

16 លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។

17 នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

18 ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។

19 លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​ឲ្យ​ក្មួយ ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។