8 លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
9 កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
10 នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។
11 លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។
12 នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
13 លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា “អេស៊ើរ”។
14 ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។