1 នេះជាព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីមាតា។
2 កូនអើយ ម្ដាយបានបន់ស្រន់សុំឲ្យមានកូន ហើយម្ដាយបានបង្កើតកូនមក ហេតុនេះ ចូរស្ដាប់ពាក្យម្ដាយ!។
3 ចូរកុំឲ្យស្រីៗដណ្ដើមយកកម្លាំងរបស់កូនបានឡើយ ហើយក៏កុំទុកឲ្យស្រីៗ ដែលធ្លាប់តែធ្វើឲ្យស្ដេចវិនាស អាចដឹកមុខកូនបានដែរ។
4 ចូរកូនចាំឲ្យច្បាស់ថា ស្ដេច និងមេដឹកនាំទាំងឡាយ មិនត្រូវសេពសុរា និងគ្រឿងស្រវឹងផ្សេងៗឡើយ។
5 កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។
6 គួរឲ្យគ្រឿងស្រវឹងទៅអ្នកជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ
7 ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ខ្លួនទៀត។
8 ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។
9 ចូរនិយាយការពារ និងរកយុត្តិធម៌ឲ្យអ្នកក្រីក្រ និងជនទុគ៌ត។
10 ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។
11 ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើន។
12 នាងតែងតែផ្ដល់សុភមង្គលឲ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយ។
13 នាងខិតខំរកអំបោះ និងសូត្រ មកត្បាញរវៃយ៉ាងស្វាហាប់។
14 នាងនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។
15 នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។
16 នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។
17 នាងប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ មិនឲ្យទំនេរដៃឡើយ។
18 នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។
19 នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។
20 នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុគ៌ត។
21 នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសំលៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
22 នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសំលៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។
23 ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។
24 នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់ឲ្យអ្នកជំនួញដែរ។
25 នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។
26 នាងនិយាយស្ដីប្រកបដោយប្រាជ្ញា ហើយទូន្មានគេដោយចិត្តសប្បុរស។
27 នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។
28 កូនរបស់នាងនាំគ្នាកោតសរសើរនាង រីឯស្វាមីរបស់នាងក៏លើកតម្កើងនាង ដោយពោលថា:
29 «មានស្ត្រីជាច្រើនគ្រប់លក្ខណ៍ តែនាងគ្រប់លក្ខណ៍លើសគេទាំងអស់»។
30 រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចព្រះអម្ចាស់ប៉ុណ្ណោះ ដែលគួរកោតសរសើរ។
31 នាងត្រូវតែទទួលផលពីកិច្ចការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទីក្រុង។