30 ជាការឆ្លើយតបវិញ ព្រះយេស៊ូមានបន្ទូលថា៖ «មានបុរសម្នាក់មកពីក្រុងយេរូសាឡិមចុះទៅក្រុងយេរីខូរ ហើយគាត់បានជួបពួកចោរប្លន់ដែលបានប្លន់យកអាវរបស់គាត់ ព្រមទាំងបានវាយគាត់ឲ្យរងរបួសជិតស្លាប់ រួចក៏ទុកគាត់ចោល ហើយចេញបាត់ទៅ។
31 ជួនជាមានសង្ឃម្នាក់ចុះមកតាមផ្លូវនោះ ពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ។
32 អ្នកខាងអំបូរលេវីម្នាក់បានមកដល់កន្លែងកើតហេតុ ហើយធ្វើដូចគ្នា គឺពេលគាត់ឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ
33 ប៉ុន្ដែជនជាតិសាម៉ារីម្នាក់បានធ្វើដំណើរមកដល់ ពេលគាត់ឃើញបុរសនោះ ក៏មានសេចក្ដីអាណិតអាសូរ
34 រួចក៏ចូលមកជិត ហើយរុំរបួសឲ្យបុរសនោះដោយចាក់ប្រេង និងស្រាពីលើ ហើយបានបញ្ជិះបុរសនោះលើសត្វរបស់គាត់ នាំទៅផ្ទះសំណាក់ដើម្បីមើលថែ។
35 នៅថ្ងៃបន្ទាប់ គាត់បានដកប្រាក់ពីរឌេណារីឲ្យម្ចាស់ផ្ទះសំណាក់ និងបានប្រាប់ថា សូមមើលថែគាត់ផង ហើយអ្វីក៏ដោយដែលអ្នកចាយលើសនេះ ខ្ញុំនឹងសងដល់អ្នកនៅពេលខ្ញុំត្រលប់មកវិញ។
36 ក្នុងចំណោមអ្នកទាំងបីនេះ តើអ្នកគិតថា ម្នាក់ណាគួរក្លាយជាអ្នកជិតខាងរបស់បុរសម្នាក់ដែលបានជួបពួកចោរប្លន់នោះ?»