លូកា 11:29-35 KCB

29 កាល​បណ្ដាជន​កំពុង​ជួប​ជុំ​គ្នា​ច្រើន​ឡើងៗ​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖​ «ជំនាន់​នេះ​ជា​ជំនាន់​អាក្រក់​ណាស់​ គេ​ស្វែងរក​តែ​ទីសំគាល់​ទេ​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​លោក​យ៉ូណាស​

30 ដ្បិត​លោក​យ៉ូណាស​បាន​ត្រលប់​ជា​ទីសំគាល់​មួយ​ដល់​អ្នក​ក្រុង​នីនីវេ​ជា​យ៉ាង​ណា​ កូន​មនុស្ស​ក៏​នឹង​ត្រលប់​ជា​ទី​សំគាល់​មួយ​ដល់​ជំនាន់​នេះ​ជា​យ៉ាង​នោះ​ដែរ។​

31 នៅ​គ្រា​ជំនុំជម្រះ​ ម្ចាស់​ក្សត្រី​ភាគ​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជាមួយ​នឹង​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់ទោស​ដល់​ជំនាន់​នេះ​ ដ្បិត​ព្រះនាង​បាន​មក​ពី​ចុង​បំផុត​នៃ​ផែនដី​ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ តែ​ម្នាក់​ដែល​វិសេស​ជាង​ស្ដេច​សាឡូម៉ូន​នៅទីនេះ​ស្រាប់​ហើយ។​

32 នៅ​គ្រា​ជំនុំជម្រះ​ អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ព្រោះ​គេ​បាន​ប្រែ​ចិត្ដ​ ពេល​ឮ​សេចក្ដី​ប្រកាស​របស់​លោក​យ៉ូណាស​ ប៉ុន្ដែ​ម្នាក់​ដែល​វិសេស​ជាង​លោក​យ៉ូណាស​នៅ​ទីនេះ​ស្រាប់​ហើយ។​

33 គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ទីកំបាំង​ ឬ​នៅ​ក្រោម​ថាំង​ទេ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​អាច​មើល​ឃើញ​ពន្លឺ​នោះ។​

34 ភ្នែក​ជា​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូបកាយ​របស់​អ្នក​ទាំងមូល​នឹង​ភ្លឺ​ ប៉ុន្ដែ​ពេល​ភ្នែក​របស់​អ្នក​មិន​ល្អ នោះ​រូបកាយ​របស់​អ្នក​នឹង​ត្រលប់​ជា​ងងឹត​សូន្យ​សុង។​

35 ដូច្នេះ​ចូរ​ពិចារណា​ចុះ​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​អ្នក​ប្រែ​ជា​សេចក្ដី​ងងឹត​