46 ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នាដែរ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកធ្ងន់ដែលពិបាកធ្វើតាមលើមនុស្ស ប៉ុន្ដែអ្នករាល់គ្នាវិញ មិនបានយកម្រាមដៃណាមួយមកប៉ះបន្ទុកទាំងនេះសោះឡើយ។
47 វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសង់ស្ដូបរបស់ពួកអ្នកនាំព្រះបន្ទូលដែលដូនតារបស់អ្នករាល់គ្នាបានសម្លាប់។
48 ដូច្នេះអ្នករាល់គ្នាជាសាក្សី ហើយអ្នករាល់គ្នាក៏យល់ស្របនឹងអំពើរបស់ដូនតាអ្នករាល់គ្នាដែរ គឺដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ ឯអ្នករាល់គ្នាវិញសង់ស្ដូបឲ្យពួកគេ។
49 ដូច្នេះហើយព្រះជាម្ចាស់ក៏បានមានបន្ទូលដោយព្រះប្រាជ្ញាញាណថា យើងនឹងចាត់ពួកអ្នកនាំព្រះបន្ទូល និងពួកសាវកឲ្យទៅឯពួកគេ ប៉ុន្ដែពួកគេនឹងសម្លាប់ ហើយបៀតបៀនអ្នកខ្លះក្នុងចំណោមអ្នកទាំងនោះ
50 ដើម្បីឲ្យឈាមពួកអ្នកនាំព្រះបន្ទូលទាំងអស់ដែលត្រូវបានកម្ចាយតាំងពីដើមកំណើតពិភពលោកមក ត្រូវទារពីជំនាន់នេះវិញ
51 គឺចាប់ពីឈាមរបស់លោកអេបិលរហូតដល់ឈាមរបស់លោកសាការីដែលត្រូវបានសម្លាប់នៅចន្លោះកន្លែងថ្វាយតង្វាយ និងដំណាក់របស់ព្រះជាម្ចាស់។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ឈាមទាំងនោះនឹងត្រូវទារពីជំនាន់នេះវិញ។
52 វេទនាដល់អ្នករាល់គ្នាហើយ ពួកអ្នកជំនាញច្បាប់ ដ្បិតអ្នករាល់គ្នាបានដកយកកូនសោរនៃចំណេះដឹង រួចអ្នករាល់គ្នាមិនចូលទេ ថែមទាំងរារាំងអ្នកដែលកំពុងចូលទៀតផង»។