លូកា 11:48-54 KCB

48 ដូច្នេះ​អ្នក​រាល់គ្នា​ជា​សាក្សី​ ហើយ​អ្នក​រាល់គ្នា​ក៏​យល់​ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នក​រាល់គ្នា​ដែរ​ គឺ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​សម្លាប់​ពួកគេ​ ឯ​អ្នក​រាល់គ្នា​វិញ​សង់​ស្ដូប​ឲ្យ​ពួកគេ។​

49 ដូច្នេះ​ហើយ​ព្រះជាម្ចាស់​ក៏​បាន​មាន​បន្ទូល​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ថា​ យើង​នឹង​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​សាវក​ឲ្យ​ទៅ​ឯ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់​ ហើយ​បៀតបៀន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​

50 ដើម្បី​ឲ្យ​ឈាម​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​តាំងពី​ដើម​កំណើត​ពិភព​លោក​មក​ ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ​

51 គឺ​ចាប់​ពី​ឈាម​របស់​លោក​អេបិល​រហូត​ដល់​ឈាម​របស់​លោក​សាការី​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​កន្លែង​ថ្វាយ​តង្វាយ​ និង​ដំណាក់​របស់​ព្រះជាម្ចាស់។​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ។​

52 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ជំនាញ​ច្បាប់​ ដ្បិត​អ្នក​រាល់គ្នា​បាន​ដក​យក​កូន​សោរ​នៃ​ចំណេះ​ដឹង​ រួច​អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ថែម​ទាំង​រារាំង​អ្នក​ដែល​កំពុង​ចូល​ទៀត​ផង»។​

53 ពេល​ព្រះអង្គ​យាងចេញ​ពី​ទីនោះ​ ពួក​គ្រូវិ​ន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​ជំទាស់​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង​ ទាំង​សួរ​ដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន​

54 ហើយ​លប​ចាប់​កំហុស​នូវ​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល។​