11 មើល៍ មានស្ដ្រីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ។
12 ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ»
13 ព្រះអង្គក៏ដាក់ព្រះហស្ដលើគាត់ ហើយគាត់ក៏បានងើបត្រង់ឡើងភ្លាម ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់។
14 ប៉ុន្ដែព្រោះតែព្រះយេស៊ូបានប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ប្រធានសាលាប្រជុំបាននិយាយទៅបណ្ដាជនទាំងមិនសប្បាយថា៖ «មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកនៅថ្ងៃទាំងនោះចុះដើម្បីឲ្យគេប្រោសឲ្យជា កុំមកនៅថ្ងៃសប្ប័ទឡើយ»
15 ព្រះអម្ចាស់ក៏មានបន្ទូលឆ្លើយទៅគាត់ថា៖ «ពួកមនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលាចេញពីក្រោល ហើយដឹកវាទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬ?
16 ឯស្ដ្រីនេះវិញ ជាកូនចៅរបស់លោកអ័ប្រាហាំដែលអារក្សសាតាំងបានចងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃសប្ប័ទទេឬ?»
17 ពេលព្រះអង្គមានបន្ទូលដូច្នេះ ពួកអ្នកប្រឆាំងនឹងព្រះអង្គទាំងអស់ក៏អាម៉ាស់មុខ ប៉ុន្ដែបណ្ដាជនទាំងអស់វិញ មានចិត្ដអរសប្បាយនឹងកិច្ចការដ៏ប្រសើរទាំងឡាយដែលព្រះអង្គបានធ្វើ។