23 រួចមានម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើអ្នកដែលបានសង្គ្រោះមានតិចណាស់ឬ?» ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖
24 «ចូរប្រឹងប្រែងចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនចង់ចូល ប៉ុន្ដែពួកគេមិនអាចចូលបានឡើយ
25 ព្រោះក្រោយពេលម្ចាស់ដំណាក់ក្រោកឡើងបិទទ្វារហើយ ទោះជាអ្នករាល់គ្នាឈរនៅខាងក្រៅ និងចាប់ផ្ដើមគោះទ្វារទាំងនិយាយថា លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង នោះគាត់នឹងឆ្លើយតបវិញថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ
26 ហើយអ្នករាល់គ្នាក៏ចាប់ផ្ដើមនិយាយថា យើងធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គធ្លាប់បង្រៀននៅតាមផ្លូវរបស់យើង។
27 គាត់ក៏ឆ្លើយប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ឱ ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតទាំងឡាយអើយ ចូរទៅឲ្យឆ្ងាយពីខ្ញុំ
28 នៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ ហើយនៅពេលនោះ អ្នករាល់គ្នានឹងឃើញលោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងអ្នកនាំព្រះបន្ទូលទាំងអស់នៅក្នុងនគរព្រះជាម្ចាស់ ឯអ្នករាល់គ្នាវិញត្រូវគេបោះទៅខាងក្រៅ
29 ដ្បិតអ្នកទាំងនោះនឹងមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង ហើយអង្គុយនៅតុអាហារក្នុងនគរព្រះជាម្ចាស់