លូកា 14:12-18 KCB

12 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖​ «ពេល​អ្នក​រៀបចំ​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់​ ឬ​អាហារ​ពេល​ល្ងាច​ ចូរ​កុំ​អញ្ជើញ​មិត្ដ​ភក្ដិ​ បងប្អូន​ សាច់​ញាតិ​ ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ជា​អ្នក​មាន​ឡើយ​ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ​ ហើយ​វា​ក៏​ត្រលប់​ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។​

13 ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​លៀង​ ចូរ​អញ្ជើញ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វិន​ និង​មនុស្ស​ខ្វាក់​វិញ​

14 នោះ​អ្នក​នឹង​មាន​ពរ​ហើយ​ ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​

15 ពេល​ឮ​សេចក្ដី​ទាំង​នេះ​ ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ពួក​ភ្ញៀវ​អង្គុយ​រួម​តុ​ជាមួយ​ព្រះអង្គ​បាន​ទូល​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ អ្នកណា​ដែល​នឹង​បរិភោគ​អាហារ​នៅ​ក្នុង​នគរ​ព្រះជាម្ចាស់»​

16 តែ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មាន​បុរស​ម្នាក់​រៀបចំ​ពិធី​ជប់​លៀង​ពេល​ល្ងាច​ដ៏​ធំ​មួយ​ ហើយ​គាត់​បាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​

17 លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​ គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ សូម​អញ្ជើញ​មក​ ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​

18 ប៉ុន្ដែ​ភ្ញៀវ​ទាំង​អស់​បាន​ចាប់ផ្ដើម​ដោះសា​បន្ដ​បន្ទាប់​គ្នា​ គឺ​អ្នក​ទី​មួយ​ប្រាប់​បាវបម្រើ​នោះ​ថា​ ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ​កន្លែង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យខ្ញុំ​ផង។​