លូកា 16:21-27 KCB

21 គាត់​ចង់​ចំអែត​ពោះ​ដោយ​កម្ទេច​អាហារ​ ដែល​ធ្លាក់​ពី​លើ​តុ​របស់​អ្នក​មាន​នោះ​ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។​

22 ក្រោយ​មក​ទៀត​ បុរស​ក្រីក្រ​នោះ​បាន​ស្លាប់​ទៅ​ ហើយ​ពួក​ទេវតា​បាន​នាំ​យក​គាត់​ទៅ​ឯ​ដើម​ទ្រូង​លោក​អ័ប្រាហាំ​ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ដែរ​ ហើយ​គេ​បាន​បញ្ចុះ​គាត់​

23 ហើយ​ពេល​កំពុង​រង​ទារុណ​កម្ម​នៅ​ស្ថាននរក​ អ្នក​មាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ ព្រមទាំង​ឡាសារ​នៅ​ដើម​ទ្រូង​លោក​

24 គាត់​ក៏​ស្រែក​ហៅ​ថា​ លោក​ឪពុក​អ័ប្រាហាំ​អើយ! សូម​មេត្ដា​ដល់​ខ្ញុំ​ផង​ គឺ​សូម​ឲ្យ​ឡាសារ​ជ្រលក់​ចុង​ម្រាមដៃ​របស់​គាត់​ក្នុង​ទឹក ហើយ​បន្ដក់​លើ​អណ្ដាត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ត្រជាក់​ផង​ ព្រោះ​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនា​ក្នុង​ភ្លើង​នេះ។​

25 លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​

26 លើស​ពី​បញ្ហា​ទាំង​អស់​នេះ​ទៀត​ គឺ​មាន​ជង្ហុក​យ៉ាង​ធំ​មួយ​ខណ្ឌ​ផ្ដាច់​រវាង​យើង​ និង​អ្នក​រាល់គ្នា​ ដូច្នេះ​ពួក​អ្នក​ដែល​ចង់​ឆ្លង​ពី​ទីនេះ​ទៅ​ឯ​អ្នក​រាល់គ្នា​មិន​អាច​ឆ្លង​បាន​ឡើយ​ ឬ​ពី​ទីនោះ​មក​ឯ​យើង​ក៏​មិន​បាន​ដែរ។​

27 អ្នក​មាន​ក៏​និយាយ​ទៀត​ថា​ ដូច្នេះ​ខ្ញុំ​សូម​អង្វរ​ លោក​ឪពុក​អើយ!​ សូម​លោក​ចាត់​ឡាសារ​ឲ្យ​ទៅ​ឯ​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ផង​