15 កាលម្នាក់ក្នុងចំណោមពួកគេឃើញថា ខ្លួនបានជាស្អាតក៏ត្រលប់មកវិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗ
16 ហើយគាត់ផ្កាប់មុខចុះនៅទៀបបាទាព្រះអង្គ ទាំងអរព្រះគុណព្រះអង្គ ឯអ្នកនោះជាជនជាតិសាម៉ារី។
17 ព្រះយេស៊ូមានបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា?
18 ម្ដេចក៏មិនឃើញអ្នកទាំងនោះត្រលប់មកថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ លើកលែងតែសាសន៍ដទៃម្នាក់នេះដូច្នេះ?»
19 រួចព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង ហើយទៅចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
20 កាលពួកអ្នកខាងគណៈផារិស៊ីបានសួរថា នគរព្រះជាម្ចាស់មកដល់នៅពេលណា នោះព្រះអង្គក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «នគរព្រះជាម្ចាស់មិនមែនមកដោយសង្កេតមើលឃើញឡើយ
21 គ្មានអ្នកណានឹងនិយាយបានថា មើល៍ នៅទីនេះ ឬនៅទីនោះបានឡើយ ដ្បិតមើល៍ នគរព្រះជាម្ចាស់នៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។