លូកា 18:13-19 KCB

13 ឯ​អ្នក​ទារ​ពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​ គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ ព្រះជាម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។​

14 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ពេល​ម្នាក់​នេះ​ទៅ​ដល់​ផ្ទះ​វិញ​ គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ មិន​មែន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​នោះ​ទេ​ ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួននឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួននឹង​ត្រូវ​លើក​តម្កើង​វិញ»។​

15 ពួកគេ​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដែរ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា​ ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ​ ពួក​សិស្ស​ក៏​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ​

16 ប៉ុន្ដែ​ព្រះយេស៊ូ​ហៅ​ពួកគេ​ដោយ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី!​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​តូចៗ​ទាំង​នេះ​

17 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​ដូចជា​កូន​ក្មេង​ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»។​

18 មាន​អ្នក​គ្រប់គ្រង​ម្នាក់​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទុកជា​មរតក?»​

19 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ?​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់។​