22 ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់
23 គឺដូចដែលមានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ថា គ្រប់កូនប្រុសដែលកើតពីផ្ទៃមុនដំបូងនឹងត្រូវរាប់ជាបរិសុទ្ធសម្រាប់ព្រះអម្ចាស់
24 ហើយតាមសេចក្ដីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ គឺត្រូវថ្វាយលលកមួយគូ ឬព្រាបជំទើរពីរជាយញ្ញបូជា។
25 មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។
26 ព្រះវិញ្ញាណបរិសុទ្ធបានបើកសំដែងឲ្យគាត់ដឹងថា គាត់នឹងមិនជួបសេចក្ដីស្លាប់ឡើយ មុនពេលបានឃើញព្រះគ្រិស្ដរបស់ព្រះអម្ចាស់។
27 ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ពេលដែលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូចូលមកក្នុង ដើម្បីធ្វើតាមទំនៀមទម្លាប់ក្នុងគម្ពីរវិន័យសម្រាប់បុត្រតូច។
28 លោកស៊ីម្មានបានទទួលយកបុត្រតូចនោះមកបីនៅក្នុងដៃ ហើយគាត់បានថ្វាយព្រះពរព្រះជាម្ចាស់ដោយនិយាយថា៖