42 លុះព្រះយេស៊ូមានអាយុដប់ពីរឆ្នាំ ពួកគេក៏ឡើងទៅតាមទំនៀមទម្លាប់នៃពិធីបុណ្យ។
43 កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ
44 ព្រោះស្មានថា ព្រះអង្គកំពុងនៅក្នុងក្បួនធ្វើដំណើរ។ កាលពួកគេធ្វើដំណើរបានមួយថ្ងៃ ពួកគេក៏តាមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងពួកអ្នកស្គាល់គ្នា
45 ប៉ុន្ដែពេលរកមិនឃើញ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញដើម្បីតាមរកព្រះអង្គ។
46 បីថ្ងៃក្រោយមក ពួកគេបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារកំពុងអង្គុយស្ដាប់ និងសួរសំណួរនៅកណ្ដាលចំណោមពួកគ្រូ។
47 អស់អ្នកដែលបានស្ដាប់ព្រះអង្គបាននឹកអស្ចារ្យពីតម្រិះប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។
48 កាលឪពុកម្ដាយបានជួបព្រះអង្គហើយ ក៏ភាំងស្មារតី រួចម្ដាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើយ៉ាងដូច្នេះចំពោះឪពុកម្ដាយ មើល៍ ម្ដាយ និងឪពុករបស់កូនបានតាមរកកូនទាំងព្រួយចិត្ដ»។