លូកា 21:20-26 KCB

20 ប៉ុន្ដែ​នៅ​ពេល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ នោះ​ចូរ​ដឹង​ថា​ សេចក្ដី​រលំ​រលាយ​នៃ​ក្រុង​នោះ​ជិត​មក​ដល់​ហើយ។​

21 ពេល​នោះ​ ចូរ​ឲ្យ​ពួកអ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​ ឯ​ពួកអ្នក​នៅ​កណ្ដាល​ក្រុង​ចាក​ចេញ​ពី​ក្រុង​នោះ​ ហើយ​កុំ​ឲ្យ​ពួកអ្នក​នៅ​ស្រែ​ចម្ការ​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យ​សោះ​

22 ពីព្រោះ​ថ្ងៃ​ទាំង​នេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សងសឹក​ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែងទុក​មក​បាន​សម្រេច។​

23 ស្ដ្រី​មាន​ផ្ទៃពោះ​ និង​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់​នៅ​គ្រា​នោះ​ ព្រោះ​សេចក្ដី​ទុក្ខព្រួយ​ដ៏​សម្បើម​នឹង​មាន​នៅ​លើ​ទឹក​ដី​នេះ​ ហើយ​កំហឹង​ក៏​ធ្លាក់​លើ​ប្រជាជន​នេះ​

24 ពួកគេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ ឯ​ក្រុង​យេរូសាឡិម​វិញ​ នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​រហូត​ដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។​

25 នឹង​មាន​ទីសំគាល់​នៅ​ក្នុង​ដួងអាទិត្យ​ លោក​ខែ​ និង​ផ្កាយ​ ហើយ​ជនជាតិ​នានា​នៅ​លើ​ផែនដី​នេះ​នឹង​មាន​សេចក្ដី​ថប់បារម្ភ​ ទាំង​ទ័ល​ប្រាជ្ញា​ដោយសារ​សំឡេង​សន្ធឹក​សមុទ្រ​ និង​ទឹក​រលក​

26 មនុស្ស​នឹង​ស្រយុត​ចិត្ដ​ដោយសារ​ការ​ភ័យខ្លាច​ និង​ការ​ទន្ទឹង​រង់ចាំ​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​នៅ​លើ​ពិភព​លោក​ ដ្បិត​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ​