43 ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅស្ថានសួគ៌ជាមួយខ្ញុំ»។
44 ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
45 ដួងអាទិត្យបានបាត់រស្មី ហើយវាំងនននៅក្នុងព្រះវិហារបានរហែកជាពីរ
46 ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះវរបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះអង្គវិញ» ពេលមានបន្ទូលបែបនេះហើយ ព្រះអង្គផុតដង្ហើមទៅ។
47 កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន»
48 រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។
49 ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។