លូកា 3:11-17 KCB

11 គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​មាន​អាវ​ពីរ​ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ ឯ​អ្នកណា​មាន​អាហារ​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូច្នេះ​ដែរ​ចុះ»។​

12 ពេល​នោះ​ពួក​អ្នក​ទារ​ពន្ធដារ​បាន​មក​ទទួល​ពិធី​ជ្រមុជទឹក​ដែរ​ ហើយ​ពួកគេ​បាន​សួរ​ទៅ​គាត់​ថា៖​ «លោក​គ្រូ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​

13 គាត់​ប្រាប់​ពួកគេ​ថា៖​ «មិន​ត្រូវ​ទារ​ពន្ធ​លើស​ចំនួន​ដែល​បាន​កំណត់​ឲ្យ​អ្នក​រាល់គ្នា​ឡើយ»។​

14 ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖​ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​ គាត់​ប្រាប់​ពួកគេ​ថា៖​ «កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ ឬ​និយាយ​បង្កាច់​ឡើយ​ ប៉ុន្ដែ​ចូរ​ពេញ​ចិត្ដ​នឹង​ប្រាក់​ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។​

15 កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ​ ពួកគេ​គ្រប់គ្នា​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង។​

16 លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​

17 ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​ តែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិន​ចេះ​រលត់»។​