12 ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
13 គាត់ប្រាប់ពួកគេថា៖ «មិនត្រូវទារពន្ធលើសចំនួនដែលបានកំណត់ឲ្យអ្នករាល់គ្នាឡើយ»។
14 ឯពួកទាហានសួរទៅគាត់ដែរថា៖ «ចុះយើងវិញ តើគួរធ្វើយ៉ាងដូចម្ដេច?» គាត់ប្រាប់ពួកគេថា៖ «កុំយកអ្វីពីអ្នកណាដោយកំហែង ឬនិយាយបង្កាច់ឡើយ ប៉ុន្ដែចូរពេញចិត្ដនឹងប្រាក់ឈ្នួលរបស់អ្នករាល់គ្នាចុះ»។
15 កាលប្រជាជនកំពុងទន្ទឹងរង់ចាំ ពួកគេគ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពីលោកយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រិស្ដទេដឹង។
16 លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។
17 ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ដើម្បីប្រមូលស្រូវដាក់ក្នុងជង្រុករបស់ព្រះអង្គ តែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
18 គាត់បានប្រកាសដំណឹងល្អ និងបានទូន្មានជាច្រើនទៀតដល់ប្រជាជនយ៉ាងដូច្នេះ។