លូកា 3:5-11 KCB

5 គ្រប់ទាំង​ជ្រលងភ្នំ​នឹង​ត្រូវ​លុប​បំពេញ​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​ទីទួល​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ ឯ​កន្លែង​ក្ងិចក្ងក់​ត្រូវ​តម្រង់​ ហើយ​ផ្លូវ​រដិប​រដុប​ត្រូវ​ធ្វើ​ឲ្យ​រាប​ស្មើ​

6 នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់។​

7 ដូច្នោះ​ហើយ​ លោក​យ៉ូហាន​ក៏​និយាយ​ទៅ​បណ្ដាជន​ដែល​កំពុង​ចេញ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​ឲ្យ​អ្នក​រាល់គ្នា​រត់​គេចពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​

8 ហេតុ​នេះ​ ចូរ​បង្កើត​ផល​ផ្លែ​ឲ្យ​ស័ក្ដសម​នឹង​ការ​ប្រែ​ចិត្ដ​ចុះ​ ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ។​

9 ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅក្នុង​ភ្លើង​។»​

10 នោះ​បណ្ដាជន​ក៏​សួរ​ទៅ​គាត់​ថា៖​ «ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​

11 គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​មាន​អាវ​ពីរ​ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ ឯ​អ្នកណា​មាន​អាហារ​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូច្នេះ​ដែរ​ចុះ»។​