លូកា 5:22-28 KCB

22 តែ​ព្រះយេស៊ូ​ឈ្វេង​យល់​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​គិត​ក្នុង​ចិត្ដ​ដូច្នេះ?​

23 ដ្បិត​ការ​ដែល​និយាយ​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ តើ​មួយ​ណា​ស្រួល​ជាង?​

24 តែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើក​លែង​ទោស​បាប​នៅ​ផែនដី​នេះ»។​ បន្ទាប់មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ជើង​ថា៖​ «ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ថា​ ចូរ​ក្រោក​ឡើង​ លើក​គ្រែ​ស្នែង​របស់​អ្នក​ ហើយ​ទៅ​ផ្ទះ​ចុះ»។​

25 គាត់​ក៏​ក្រោក​ឡើង​ភ្លាម​នៅ​ចំពោះ​មុខ​ពួកគេ​ លើក​គ្រែ​ស្នែង​ដែល​គាត់​បាន​ដេក​ ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

26 ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​ស្ញប់ស្ញែង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​បាន​ពេញ​ដោយ​សេចក្ដី​កោតខ្លាច​ ទាំង​និយាយ​ថា៖​ «នៅ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​សេចក្ដី​អស្ចារ្យ!»​

27 ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ឈ្មោះ​លេវី​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​

28 គាត់​បាន​ទុក​អ្វីៗ​ទាំង​អស់​ចោល​ ហើយ​ក៏​ក្រោក​ឡើង​ដើរ​តាម​ព្រះអង្គ​ទៅ។​