លូកា 5:7-13 KCB

7 ពួកគេ​ក៏​ធ្វើសញ្ញា​ហៅ​គូ​កន​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។​ ពួក​គូ​កន​ក៏​បាន​មក​ និង​បាន​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ​បណ្ដាល​ឲ្យ​ទូក​ទាំង​ពីរ​ស្ទើរ​លិច។​

8 កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​

9 ដ្បិត​គាត់​ និង​ពួក​អ្នក​នៅ​ជាមួយ​គាត់​ទាំង​អស់​មាន​សេចក្ដី​កោតស្ញែង​ចំពោះ​ត្រី​ដែល​ពួកគេ​ចាប់​បាន។​

10 ឯ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​កូន​លោក​សេបេដេ​ និង​ជា​គូកន​លោក​ស៊ីម៉ូន​ ក៏​ធ្វើ​ដូច្នេះ​ដែរ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «កុំ​ខ្លាច​អី!​ ពី​ពេល​នេះ​ទៅ​ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។​

11 កាល​បាន​ទុក​ទូក​ចោល​នៅ​ច្រាំង​ និង​បាន​លះបង់​អ្វី​ទាំង​អស់​ហើយ​ ពួកគេ​ក៏​ដើរ​តាម​ព្រះអង្គ​ទៅ។​

12 នៅ​ពេល​ព្រះអង្គ​គង់​នៅ​ក្នុង​ក្រុង​មួយ​ នោះ​មាន​បុរស​ម្នាក់​កើត​ឃ្លង់​ពេញ​ខ្លួន​ ហើយ​កាល​បាន​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​ផ្កាប់​មុខ​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​

13 ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់!​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​ ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង។​