លូកា 6:18-24 KCB

18 គឺ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​ ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ក៏​បាន​ជា​

19 ហើយ​បណ្ដាជន​ទាំង​អស់​រិះរក​ពាល់​ព្រះអង្គ​ ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​ បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យ​ជា។​

20 ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ ទាំង​មាន​បន្ទូល​ថា៖​ «មាន​ពរ​ហើយ​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​អ្នក​រាល់គ្នា។​

21 មាន​ពរ​ហើយ​អស់​អ្នក​ដែល​ឃ្លាន​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​ឆ្អែត។​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​សើច​សប្បាយ។​

22 អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​

23 ចូរ​មាន​អំណរ​ ហើយ​លោត​កញ្ឆេង​នៅ​ថ្ងៃ​នោះ​ ដ្បិត​មើល៍​ អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ស្ថានសួគ៌​ ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​អ្នក​នាំព្រះបន្ទូល​ដោយ​របៀប​នេះ​ដែរ។​

24 ប៉ុន្ដែ​វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​មាន​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​របស់​អ្នក​រាល់គ្នា​រួច​ហើយ។​